តារាសម្ដែងចិនលោក Vincent Zhao អាយុ 50ឆ្នាំ ដែលត្រូវបានគេស្គាល់ថា ជាតួ វ៉ាងហ្វីហុង (Wong Fei-hung) នៅក្នុរឿង Once Upon a Time in China ដ៏មានប្រជាប្រិយភាពយ៉ាងខ្លាំង ក្នុងទសវត្សរ៍ទី 90 ។
លោកបានចងសម្ព័ន្ធមេត្រីជាមួយនឹងលោកស្រី Zhang Danlu ក្នុងឆ្នាំ ២០០៦ ហើយអ្នកទាំងពីរមានកូនបីនាក់រួមគ្នាគឺ Ziyang អាយុ ១៤ឆ្នាំ Zilong អាយុ ១១ឆ្នាំ និង Luna អាយុ ៥ឆ្នាំ។
ទោះបីជាលោក ដកឃ្លាពីពិភពសម្ដែង ដើម្បីចំណាយពេលជាមួយគ្រួសាររបស់គាត់ក៏ដោយ ក៏ប្រជាប្រិយភាពរបស់គាត់បានកើនឡើងម្តងទៀត បន្ទាប់ពីគាត់បានចូលរួមក្នុងកម្មវិធី Call Me By Fire រដូវកាលដំបូង កាលពីឆ្នាំមុន។
កាលពីសប្តាហ៍មុន លោក Vincent បានចូល Weibo ដើម្បីចែករំលែកព័ត៌មានថ្មីៗអំពីកូនស្រីច្បងរបស់គាត់ឈ្មោះ Ziyang ដែលមានឈ្មោះជាភាសាអង់គ្លេសថា Rosita ។
ដោយបង្ហោះរូបភាពរបស់លោក ប្រពន្ធរបស់លោក (Danlu) និង កូនស្រី Ziyang នៅអាកាសយានដ្ឋាន និងបានបង្ហើបថាលោកកំពុងបញ្ជូនកូនស្រីរបស់គាត់ទៅប្រទេសស្វីស ជាកន្លែងដែលនាងរៀន។ ថ្មីៗនេះនាងបានត្រលប់មកប្រទេសចិនវិញសម្រាប់វិស្សមកាលរដូវក្តៅ។
បើតាមព័ត៌មានខ្លះៗ កូនស្រីច្បង នាង Ziyang គឺជាសិស្សនៅវិទ្យាស្ថាន Le Rosey ដែលជាសាលាឯកជនប្រទេសស្វីសដ៏ល្បីល្បាញបំផុត។ ហើយជាមួយនឹងថ្លៃសិក្សាដែលមានតម្លៃប្រហែល 15,9ម៉ឺនដុល្លារអាមេរិក ក្នុងមួយឆ្នាំ វាក៏ជាសាលាដែលថ្លៃបំផុតមួយនៅក្នុងពិភពលោកផងដែរ។
លោក Vincent និងភរិយាហាក់មិនចង់ឃ្លាតពីកូនស្រី តាមរយៈរូបភាពដែលគាត់បានបង្ហោះបង្ហាញពីភាពស្ទាក់ស្ទើរពេលឃើញនាងចាកចេញ។
លោកបានសរសេរថា៖ “ដល់ពេលសាលាចូលរៀនម្តងទៀតហើយ! សូមជូនពរឱ្យអ្វីៗដំណើរការដោយរលូនសម្រាប់ព្រះនាងច្បងរបស់យើង ហើយសំខាន់បំផុត ថែរក្សាខ្លួនឯង។ រង់ចាំត្រឡប់មកវិញពេលក្រោយ ” ។
លោកស្រី Danlu ក៏បានសរសេរដែរថា៖ «ការជូនដំណើរ Rose ទៅឆ្ងាយម្ដងទៀត ម្ដាយនេះអាចទទួលបានភាពកក់ក្ដៅក្នុងខ្លីតែពីរបីថ្ងៃប៉ុណ្ណោះ។ សង្ឃឹមថា យើងនឹងមិនចាំបាច់រង់ចាំយូរសម្រាប់ការត្រឡប់មកវិញលើកក្រោយរបស់នាង ដែលជាព្រះនាងរបស់ខ្ញុំ។»។
រូបថត៖ Chinapress, Vincent Zhao/ Weibo, Sohu