តៃវ៉ាន់ ចូលរួមរំលែកទុក្ខចំពោះគ្រោះរញ្ជួយដីនៅចិន និងត្រៀមបញ្ជូនអ្នកជួយសង្គ្រោះ

0
192
Loading...

តៃប៉ិ៖ រដ្ឋាភិបាលតៃវ៉ាន់បានសម្តែងការរំលែកទុក្ខរបស់ខ្លួនចំពោះប្រទេសចិនកាលពីថ្ងៃអង្គារសម្រាប់គ្រោះរញ្ជួយដីនៅខេត្តស៊ីឈួន ហើយបាននិយាយថា ខ្លួនត្រៀមខ្លួនជាស្រេចក្នុងការបញ្ជូនអ្នកជួយសង្គ្រោះ ដែលជាសញ្ញានៃសុច្ឆន្ទៈទៅកាន់ទីក្រុងប៉េកាំង បើទោះបីជាមានភាពតានតឹងផ្នែកយោធាជាច្រើនសប្តាហ៍ក៏ដោយ។

ប្រទេសចិនដែលទាមទារតៃវ៉ាន់មកគ្រប់គ្រងថាជាទឹកដីរបស់ខ្លួន បើទោះបីជាមានការជំទាស់យ៉ាងខ្លាំងពីរដ្ឋាភិបាលក្នុងទីក្រុងតៃប៉ិក៏ដោយ បាននឹងកំពុងធ្វើសមយុទ្ធជុំវិញកោះនេះ បន្ទាប់ពីដំណើរទស្សនកិច្ចកាលពីខែមុនដោយប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ។

ការិយាល័យប្រធានាធិបតីតៃវ៉ាន់បាននិយាយថា ប្រធានាធិបតី Tsai Ing-wen បានផ្តល់នូវ “ការអាណិតអាសូរ និងក្តីបារម្ភ” បន្ទាប់ពីគ្រោះរញ្ជួយដីកាលពីថ្ងៃច័ន្ទ នៅភាគនិរតីនៃប្រទេសចិន ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ 46 នាក់។

នៅក្នុងសេចក្តីថ្លែងការណ៍នោះក៏ថា ក្រៅពីការចូលរួមរំលែកទុក្ខចំពោះអ្នកដែលបានស្លាប់ និងក្រុមគ្រួសាររបស់ពួកគេ លោកស្រី Tsai សង្ឃឹមថា ការងារស្វែងរក ជួយសង្គ្រោះ និងស្ដារឡើងវិញក្រោយគ្រោះមហន្តរាយ អាចដំណើរការបានដោយរលូន និងឆាប់រហ័សតាមដែលអាចធ្វើទៅបាន។ ការិយាល័យក៏​មិន​បាន​ដឹង​អំពី​ការ​ស្លាប់​និង​របួស​របស់​ជនជាតិ​តៃវ៉ាន់​ណា​មួយ​នោះ​ទេ។

នាយកដ្ឋានពន្លត់អគ្គីភ័យរបស់តៃវ៉ាន់បាននិយាយដោយឡែកថា ខ្លួនបានប្រមូលផ្តុំក្រុមជួយសង្គ្រោះ 40នាក់ ឆ្កែស្វែងរកមួយក្បាល និងឧបករណ៍ផ្សេងៗទៀត ដែលអាចចេញដំណើរបានភ្លាមៗប្រសិនបើមានចេញបញ្ជា ដោយបញ្ជាក់ថានេះជា “ការប្តេជ្ញាចិត្តចំពោះស្មារតីនៃមនុស្សធម៌ និងការសង្គ្រោះគ្រោះមហន្តរាយដោយគ្មានព្រំដែន។ “។

ខាងភាគីចិន​មិន​ទាន់បានបញ្ជាក់ថា ​តើ​ខ្លួន​នឹង​អនុញ្ញាត​ឱ្យ​ក្រុម​ក្រៅ​ប្រទេស​ជួយ​ក្នុង​ប្រតិបត្តិការ​ស្វែងរក និង​សង្គ្រោះ​ឬ​យ៉ាង​ណា​នោះ​ទេ។

តៃវ៉ាន់ ដែលជារឿយៗទទួលរងការរញ្ជួយដី ធ្លាប់បានបញ្ជូនក្រុមជួយសង្គ្រោះទៅប្រទេសចិនក្នុងឆ្នាំ 2008 បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ធំមួយបានវាយប្រហារខេត្តស៊ីឈួន ដែលបានសម្លាប់មនុស្សជិត 70,000នាក់ និងបណ្តាលឱ្យមានការខូចខាតយ៉ាងខ្លាំង៕ ប្រភព៖ Todayonline