ប្រទេសកូរ៉េខាងជើងបានអនុម័តច្បាប់ថ្មីមួយដែលប្រកាសឋានៈរបស់ខ្លួនជា “រដ្ឋអាវុធនុយក្លេអ៊ែរ” និងអនុញ្ញាតឱ្យយោធាបាញ់អាវុធនុយក្លេអ៊ែរនៅពេលណាក៏បាន ប្រសិនស្ថិតនៅក្រោមការវាយប្រហារ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃនេះ។
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ប្រទេសរបស់លោកនឹងមិនបោះបង់ចោលអាវុធនុយក្លេអ៊ែរ និងមីស៊ីល ដែលខ្លួនត្រូវការ ដើម្បីប្រឆាំងនឹងការគំរាមកំហែងពីសហរដ្ឋអាមេរិកឡើយ ពេលនេះកំពុងព្យាយាមដាក់សម្ពាធ និងកំណត់គោលដៅប្រព័ន្ធការពាររបស់កូរ៉េខាងជើង និងបណ្តាលឱ្យមានការដួលរលំនៃរដ្ឋាភិបាលកូរ៉េខាងជើង។
ច្បាប់ថ្មីនេះក៏អនុញ្ញាតឱ្យ “ទាហានកូរ៉េខាងជើងវាយប្រហារសត្រូវរបស់ពួកគេដោយអាវុធនុយក្លេអ៊ែរនៅពេលណាក៏បាន” ជាការការពារស្របច្បាប់។ ក្នុងនោះក៏មានការហាមឃាត់ការចែករំលែកអាវុធនុយក្លេអ៊ែរ ឬបច្ចេកវិទ្យាជាមួយប្រទេសដទៃទៀតផងដែរ។
ស្ថានភាពរបស់កូរ៉េខាងជើង ក្លាយជារដ្ឋប្រដាប់អាវុធនុយក្លេអ៊ែរបញ្ជាក់យ៉ាងច្បាស់ថា កូរ៉េខាងជើងនឹងមិនព្រមចរចារំសាយអាវុធនុយក្លេអ៊ែរដូចអ្វីដែលអាមេរិក និងកូរ៉េខាងត្បូងតែងតែទាមទារ។
មេដឹកនាំ Kim បាននិយាយថា “សារៈសំខាន់បំផុតនៃច្បាប់ស្តីពីគោលនយោបាយអាវុធនុយក្លេអ៊ែរ គឺការគូសបន្ទាត់ខ័ណ្ឌ កុំឲ្យមានការចរចាបន្ថែមទៀតជុំវិញការរំសាយអាវុធនុយក្លេអ៊ែររបស់យើង»។
ទង្វើរបស់កូរ៉េខាងជើងបានគូសបញ្ជាក់អំពីការកើនឡើងនៃភាពតានតឹងនៅក្នុងឧបទ្វីបកូរ៉េ ខណៈដែលខ្លួនបានពន្លឿនការបន្តពង្រីកអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងឆ្លងទ្វីប។
កូរ៉េខាងជើងបានធ្វើតេស្តអាវុធបំបែកឯតទគ្គកម្មនៅឆ្នាំនេះ ដែលបានបាញ់បង្ហោះអាវុធ និងកាំជ្រួចជាង ៣០ដើម រួមទាំងការបង្ហាញមីស៊ីលអន្តរទ្វីបលើកដំបូងចាប់តាំងពីឆ្នាំ ២០១៧ មក។
មន្ត្រីអាមេរិក ហើយកូរ៉េខាងត្បូងបាននិយាយថា លោក គីម អាចនឹងបញ្ជាឱ្យធ្វើតេស្ដអាវុធនុយក្លេអ៊ែរជាលើកដំបូងរបស់កូរ៉េខាងជើងក្នុងរយៈពេលប្រាំឆ្នាំ។ ប្រភព៖ The Guardian និងរូបភាពពី AFP