ក្រសួងធនធានទឹក និងឧតុនិយមបានធ្វើការផ្សាយព័ត៍មានបញ្ជាក់ថា នៅពេលខាងមុខឆាប់ៗនេះ តំបន់មួយចំនួននៅក្នុងប្រទេសកម្ពុជា អាចនឹងធ្លាក់ចុះត្រជាក់រហូតដល់១៦អង្សាសេ ដូច្នេះសូមបងប្អូនទាំងអស់គ្នាត្រៀមសម្ភារៈអាវក្រាស់ៗ និងថែរក្សាសុខភាពអោយបានមាំមួនផងដែរ។
នៅថ្ងៃទី១៣ ធ្នូ ឆ្នាំ២០២២ យោងតាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស របស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១៤ ដល់២០ ខែធ្នូ ឆ្នាំ២០២២ ក្នុងមួយសប្តាហ៍ខាងមុខកម្ពុជានឹងទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់(ចិន) និងខ្យល់មូសុងឦសាន្តក្នុងកម្រិតពីបង្គូរទៅខ្លាំង។
ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់ទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាមានពី១៨ ដល់២២អង្សាសេ រីឯសីតុណ្ណភាពអតិបរមាមានពី ២៩ ដល់៣១អង្សសេ។ សីតុណ្ណភាពអប្បបរមានឹងអាចចុះត្រជាក់ក្នុងរង្វង់ពី ១៦ដល់១៩អង្សាសេ នៅបណ្តាខេត្តមួយចំនួនដូចជា ខេត្តបន្ទាយមានជ័យ ប៉ៃលិន សៀមរាប និងខេត្តបាត់ដំបង។
ចំណែកតំបន់ខ្ពង់រាបមាន សីតុណ្ហភាពអប្បបរមា មានពី១៦ ដល់១៩អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី២៨ ដល់៣០អង្សាសេ។ សីតុណ្ណភាពអប្បបរមានឹងអាចចុះត្រជាក់ក្នុងរង្វង់ពី១៦ ដល់១៨អង្សាសេ នៅបណ្តាខេត្តមួយចំនួនដូចជា ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ។
តំបន់មាត់សមុទ្រសីតុណ្ហភាពអប្បបរមាមានពី១៩ ដល់២១អង្សាសេ និងសីតុណ្ណភាពអតិបរមាមានពី២៩ ដល់៣១អង្សាសេសីតុណ្ណភាពអប្បបរមា និងអាចចុះត្រជាក់ក្នុងរង្វង់ពី១៨ ដល់២០អង្សាសេ។ នៅលើផ្ទៃសមុទ្រអាចមានរលកក្នុងកម្រិតពីមធ្យមទៅបង្គួរ។
យ៉ាងណាមិញ សូមបងប្អូនទាំងអស់គ្នា ត្រូវថែរក្សាសុខភាព ដោយការហាត់ប្រាណ ហូបអាហារ ត្រឹមត្រូវ ពិសារទឹកតាមចំនួនកំណត់ ដើម្បីអោយរាងកាយមាំមួន និងសុខភាពយើងមាំមួនផងដែរ៕
សូមចូលទស្សនារូបភាពខាងក្រោម៖
