បច្ចុប្បន្ននេះសម័យកាលកាន់តែទំនើបទៅមុខ ចោរ និងក្រុមមនុស្សឆបោក ក៏កាន់តែអភិវឌ្ឍន៍ខ្លួន និងជំនាញទៅកាន់តែខ្លាំង មិនថាស្ថានការណ៍ណាឡើយ ប្រសិនជាអ្នកភ្លេចខ្លួន អ្នកអាចនឹងក្លាយទៅជាជនរងគ្រោះបានជាក់ជាមិនខាន។

ជាក់ស្តែង គណនីបណ្តាញសង្គម Yin Soveat បានលើកឡើងឧទាហរណ៍ករណីចោរចូលលួចបន្លំរបស់មានតម្លៃដល់ក្នុងផ្ទះ ដោយមុនដំបូងបានធ្វើជារៀបចំអីវ៉ាន់ ដើម្បីសម្តែងអោយដូចជាសាច់ញាតិពិតអញ្ចឹង បន្ទាប់មកពួកគេក៏សំឡឹងមើលនរណាដែលមានគ្រឿងអលង្កាថ្លៃៗ ហើយក៏ជះទឹកពណ៍ក្រហមដាក់។ បន្ទាប់មកពួកចោរ ទាំងនោះធ្វើនាំគាត់ចូលបន្ទប់ទឹកបន្លំធ្វើជាជួយដោះអាវជូតកន្លែងប្រឡាក់ហើយបានបន្លំកាត់យកខ្សែករអ៊ំស្រីដោយសារគាត់ចាស់ទើបភ្លេចខ្លួន។ បន្ទាប់ពីធ្វើសកម្មភាពរួចហើយ ច្បាស់ណាស់ ក្រុមចោរទាំងនោះប្រាកដជាដាក់មេប្រូចទៅបាត់ហើយ។

ដូច្នេះអ្នកដែលមានម្តាយចាស់ជរា ហើយពាក់គ្រឿងអលង្កាមានតម្លៃថ្លៃ សូមឧស្សាហ៍ឃ្លាំមើលម្តាយ ប្រសិនជាមានករណីស្រដៀងដូចខាងលើ ឬករណីសង្ស័យ សូមតាមដានអោយជាប់៕
