ប៉ុន្មានថ្ងៃមុននេះ ទឹកដោះគោប្រភេទ Dutchmill ខ្ទង់ពាន់ដប ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ស្រាវជ្រាវបង្ក្រាប ដោយសារការការបំពានច្បាប់នៃការនាំចូល រួមទាំងគុណភាពទឹកដោះគោផងដែរ។

ដោយឡែក បើយោងតាមសេចក្តីរាយការណ៍របស់ខាងសមត្ថកិច្ចបានបញ្ជាក់ថា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ប្រតិបត្តិការបង្ក្រាបមួយនេះ បានធ្វើឡើងដោយយោងពាក្យបណ្តឹងរបស់ក្រុមហ៊ុន យូអិនធី ហូលសេល ខូអិលធីឌី និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងតំណាងក្រុមហ៊ុន នៅក្រោមការដឹកនាំសម្របសម្រួលនីតិវិធីផ្ទាល់ពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានចុះឆែកឆេរ២ទីតាំងផ្សេងគ្នា ដោយទីតាំងទី១៖
ស្ថិតនៅផ្ទះលេខ២៦ ផ្លូវ១៣B (បុរីពិភពថ្មីកំបូលIII) សង្កាត់កន្ទោក ខណ្ឌកំបូល សមត្ថកិច្ចបានធ្វើការដកហូតបានទឹកដោះគោម៉ាក Dutchmill ខុសច្បាប់ចំនួន ៦.៥០០ដប ស្មើនឹង ២.៥០៧គីឡូក្រាម
ទីតាំងពីរ៖ ស្តិតនៅផ្ទះលេខ C៧០ ផ្លូវបេតុង សង្កាត់រលួស ខណ្ឌដង្កោ ដកហូតបានទឹកដោះគោម៉ាក Dutchmill ខុសច្បាប់ចំនួន៥៤២ដប ស្មើនឹង ៣២៣គីឡូក្រាម។

បន្ទាប់ពីធ្វើការត្រួតពិនិត្យ សមត្ថកិច្ចបានរកឃើញថា ផលិតផលទឹកដោះគោទាំងអស់នេះមិនបានដឹកជញ្ជូន និងរក្សាទុកក្នុងសីតុណ្ហភាពតាមកម្រិតដែលត្រូវបានកំណត់នោះទេ ដែលនេះអាចធ្វើអោយទឹកដោះគោខូចគុណភាព ព្រមទាំងរំលោភសិទ្ធិចែកចាយផ្តាច់មុខ របស់ក្រុមហ៊ុន UNT ថែមទៀតផង។ ដូច្នេះ លោកព្រះរាជអាជ្ញារង បានសម្រេចឲ្យសមត្ថកិច្ចធ្វើការដកហូតវត្ថុតាងទាំងអស់ ដើម្បីយកមករក្សាទុកជាបណ្តោះអាសន្ន នៅនាយកដ្ឌាន និងតម្រូវឲ្យម្ចាស់ទីតាំង មកសាកសួរបំភ្លឺនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី៕


ប្រភព៖ Freshnewsasia