ឆ្កែ​នៅ​ចក្រភព​អង់គ្លេស​ត្រូវ​បាន​គេ​ស្រឡាញ់​ ដោយសារតែវាតែងតែប្រមូល​ដប​ប្លាស្ទិកតាមដងផ្លូវ

0
29
Loading...

Yvonne Faulkner-Grant បាននិយាយអំពី Collie របស់នាងថា “ការរើសដបប្លាស្ទិកគឺជាគោលដៅ និងចំណង់ចំណូលចិត្តរបស់ Scruff ” ។

Yvonne Faulkner-Grant និងប្តីរបស់នាង David Grant បានកត់សម្គាល់ឃើញអ្វីដែលមិនធម្មតានៅក្នុងខ្លួន Scruff នាឆ្នាំ ២០២១ នៅពេលដែលពួកគេកំពុងដើរនៅទីក្រុង Nuneaton កណ្តាល ប្រទេសអង់គ្លេស ។

Yvonne បាននិយាយថា Scruff តែងតែចូលចិត្តរើសដំបង ប៉ុន្តែគ្រួសាររបស់នាងបានបញ្ឈប់ការអនុវត្តនេះ បន្ទាប់ពីពេទ្យសត្វបានព្រមានថា Scruff អាចរងរបួសមាត់របស់វា។ ចាប់តាំងពីពេលនោះមក នាង និងស្វាមីរបស់នាងបានរកឃើញថា Scruff បានចាប់ផ្តើមរើសដបប្លាស្ទិកដែលគេបោះចោលពីវាលស្រែ សួនច្បារ និងផ្លូវនានាជុំវិញទីក្រុង។

នាង បានបន្ថែមថា “នៅពេលដែលគាត់ឃើញដបដែលនរណាម្នាក់បោះចោលនោះ Scruff នឹងពាំវាឡើង លេងជាមួយវា ហើយបន្ទាប់មកទុកដបនៅលើចិញ្ចើមផ្លូវ” ។

លោក David បានបន្ថែមថា «ដោយឃើញការសរសើររបស់យើង Scruff បានស្វែងរកដបផ្សេងទៀត ប៉ុន្តែយើងចាប់ផ្តើមមានអារម្មណ៍មិនល្អចំពោះការទុកដបប្លាស្ទិកទាំងនេះនៅតាមផ្លូវ។ ទោះ​វា​មិន​មែន​ជា​របស់​យើង​ក៏​ដោយ ខ្ញុំ​នៅ​តែ​មាន​អារម្មណ៍​ថា​វា​ត្រូវ​បាន​គេ​បោះចោល»។

ដូច្នេះ David និង Yvonne បានរៀបចំផែនការមួយ៖ ពួកគេនឹងយកថង់ក្រណាត់ដើរលេងពីរដងក្នុងមួយថ្ងៃ ដើម្បីប្រមូល និងកែច្នៃដប Scruff ដែលរើសបាន។

Yvonne បានប្រាប់ Mirror ថា “យើងបានសុំឱ្យ Scruff នាំយកដបមកឱ្យយើង ហើយដាក់វានៅក្នុងថង់របស់យើង។ រាល់ពេលដែលយើងមកដល់ផ្ទះ យើងនឹងរាប់ថាតើយើងប្រមូលបានប៉ុន្មានដប” ។

អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​ហើយ​ដែល​ពួក​គេ​បាន​ប្រមូល​ដប​ជ័រ និង​កំប៉ុង​ទឹក​សូដា​ជាដើម​បាន​ជាង​១.០០០​ដប។ Yvonne បាននិយាយថា ឆ្កែនេះតែងតែរើសដបប្លាស្ទិក ហើយដាក់វានៅក្បែរជើងរបស់នាងពេលដើរ ដូច្នេះនាងអាចកែច្នៃវាឡើងវិញបាន។

គ្រួសារ Grant បានចែករំលែករឿងរ៉ាវនៃការផ្សងព្រេងសម្អាតរបស់ Scruff ម្តងក្នុងមួយខែនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ David ដោយមាន hashtag #scruffsbottlepatrol និងការគាំទ្រច្រើន៕ ប្រភពពី៖ Mirror