អ្នកជាប់កុំអាលអរ អ្នកធ្លាក់កុំអាលភ័យ! លោកបណ្ឌិត គីម ហ៊ាង រម្លឹកអតីតកាលប្រឡងបាក់ឌុប ត្រឹមនិទ្ទេស E ប៉ុណ្ណោះ

លោកបណ្ឌិត គីម ហ៊ាង អតីតនិស្សិតក្មេងវត្តមហាមន្រ្តី ១៩៩៨ ដល់ ២០០៤ ប្រឡងបាននិទ្ទេសE មែនពិត តែមើលខ្សែជីវិតលោកវិញ គឺពិតជាលំបាកខ្លាំងណាស់ ទម្រាំដូចសព្វថ្ងៃនេះ។

0
38
Loading...

ក្រោយពីក្រសួងអប់រំ បានធ្វើការប្រកាសលទ្ធផលនៃការប្រឡងមធ្យមសិក្សាបឋមភូមិរួចមក សង្កេតមើលមាន សិស្សានុសិស្សជាច្រើន ដែលទើបតែប្រឡងថ្មីៗនេះ ទទួលបានលទ្ធផលខុសៗគ្នា មានអ្នកខ្លះជាប់បាននិទ្ទេសល្អ ល្អបង្កួរ មធ្យម អ្នកខ្លះក៏ធ្វើមិនបានល្អក៏ធ្លាក់ទៅ ធ្វើឲ្យមានការវែកញ៉ែកចម្រូងចម្រាស់ពេញបណ្តាញសង្គមហ្វេសប៊ុក។

លោកបណ្ឌិត គិម ហ៊ាង

ដោយឡែក ចំពោះរឿងនិទ្ទេសលទ្ធផលនៃការប្រឡង លោកបណ្ឌិត គីម ហ៊ាង អតីតនិស្សិតក្មេងវត្តមហាមន្រ្តី ១៩៩៨ ដល់ ២០០៤ បានបញ្ជាក់ថាមិនជារឿងដែលត្រូវខ្វល់ខ្វាយនោះទេ រឿងដែលដែលត្រូវខ្វល់នោះគឺថ្ងៃមុខយើងចង់ធ្វើអ្វី ស៊ូរួចអត់? ដើ​ម្បីលើកទឹកចិត្តក្មួយៗ និងចែករំលែកបទពិសោធន៍ លោកបណ្ឌិតរៀបរាប់ប្រវត្តិតស៊ូរបស់លោកផ្ទាល់ ដែលកាលពីដើមឡើយ លោកប្រឡងបាក់ឌុបបាននិទ្ទេសE នៅវិទ្យាល័យស្វាយរៀង ខេត្តស្វាយរៀង។ បន្ទាប់មក ក្នុងឆ្នាំ១៩៩៨ លោកប្រលងចូលរៀនច្បាប់នៅ RULE ប្រលងចូលរៀនភាសានៅ IFL និងប្រលងចូលរៀនប្រវត្តិវិទ្យានៅ RUPP ហើយបានប្រលងធ្លាក់ទាំងអស់។ និយាយពីស្ថានភាពគ្រួសារវិញ លោកមានបងប្អូន ៥នាក់ ជាកូនច្បងទី២ កំព្រាម្តាយ ហើយឪពុកបាក់ទឹកចិត្ត ជីវភាពគ្រួសារធ្លាក់ដល់ក្រោមសូន្យ។ ចូលមក ចុងឆ្នាំ ១៩៩៨ លោក គីម ហ៊ាង ទទួលបានការងារជាអ្នករត់តុនៅ Club Hollywood & KTV ពីម៉ោង ៦ល្ងាច ដល់ ២ភ្លឺ ដោយទទួលបានប្រាក់ខែ ៦៣ដុល្លារ។ ចូលមកដល់ចុងឆ្នាំ ១៩៩៩ ទើបលោកសន្សំលុយបាន ២០០ដុល្លារ បង់ចូលរៀនមហាវិទ្យាល័យទេសចរណ៌NUM ដោយទាំងមិនដឹងថា ៤ខែក្រោយ មានលុយ ២០០ដុល្លារ បង់រៀនទៀតឬទេ។ ដោយការខិតខំប្រឹងប្រែង និងឧស្សាហ៍ព្យាយាម លោកក៏មានសំណាងបានស្នាក់នៅវត្តមហាមន្រ្តី ៦ឆ្នាំ រួចរៀនចប់បរិញ្ញាបត្រ ឆ្នាំ២០០៣ រៀនចប់អនុបណ្ឌិត ឆ្នាំ២០០៦ និងរៀនចប់បណ្ឌិត (Ph.D) នៅឆ្នាំ២០១៧។

លោកបណ្ឌិត គីម ហ៊ាង

រឿងនេះពិតជាស្មានមិនដល់ពិតមែន តើអ្វីដែលធ្វើអោយ គីម ហ៊ាង ពីក្មេងកំព្រាម្តាយ រស់នៅវត្ត ធ្វើការជាអ្នករត់តុ ប្រលងបាក់ឌុបបាននិទ្ទេស E ប្រលងធ្លាក់ចូលរៀនមហាវិទ្យាល័យ មិនមានលទ្ធភាពរៀនសាលាឯកជន ក្នុងឆ្នាំ១៩៩៨ តែឥលូវនេះ លោក គីម ហ៊ាង គឺជាឧកញ៉ាសាស្រ្តាចារ្យបណ្ឌិត ដែលធ្លាប់បង្រៀនទាំងបរិញ្ញាប័ត្រ និងបង្រៀនថ្នាក់បណ្ឌិត ជាម្ចាស់នៃអាជីវកម្មតម្លៃរាប់រយលានដុល្លារ នៅកម្ពុជា និងពិភពលោកនោះ។

លោកបណ្ឌិត គីម ហ៊ាង

ដូច្នេះអ្នកដែលប្រឡងបាននិទ្ទេសល្អក្តី ល្អបង្កួរក្តី មធ្យមក្តី ធ្លាក់ក្តី សូមមើលលោកបណ្ឌិត គីម ហ៊ាង ជាគម្រូ ហើយតស៊ូប្រឹងប្រែងជានិច្ច ហើយលទ្ធផលយ៉ាងម៉េចៗ គឺសូមកុំបាក់ទឹកចិត្ត កុំបោះបង់ មិនយូរមិនឆាប់ អ្នកនឹងរីកចម្រើនទៅមុខ ប្រសិនជាអ្នកអាចតាំងចិត្តខ្ពស់ដូចលោកបណ្ឌិត គីម ហ៊ាង

សញ្ញាប័ត្របាក់ឌុប លោកបណ្ឌិត គីម ហ៊ាង

ប្រភព៖ លោកបណ្ឌិត គីម ហ៊ាង