ប្រឡងធ្លាក់បាក់ឌុប គួរតែត្រឡប់ទៅរៀនត្រួតថ្នាក់ ឬស្វែងរករៀនជំនាញ? លោក វេជ្ជបណ្ឌិត គួច ម៉េង លី ផ្តាំទៅអ្នកដែលប្រឡងធ្លាក់ គួរតែគិតបែបនេះ បើមិនចង់ខូចអនាគត

វេជ្ជបណ្ឌិត គួច ម៉េងលី បានឆ្លើយតបបញ្ហា ប្រឡងធ្លាក់បាក់ឌុប គួរតែត្រឡប់ទៅរៀនត្រួតថ្នាក់ ឬស្វែងរករៀនជំនាញ?

0
69
Loading...

បន្ទាប់ពីលទ្ធផលប្រឡងបាក់ឌុប ចេញរួចមកឃើញថាអ្នកដែលប្រឡងជាប់ ភាគច្រើនសប្បាយចិត្តនឹងបន្តការសិក្សាទៅកាន់មហាវិទ្យាល័យ ចំណែកអ្នកធ្លាក់វិញ គឺភាគច្រើនខូចចិត្ត អស់ទំនុកចិត្ត រហូតដល់ថ្នាក់ឈប់រៀន និងខ្លះទៀត ទៅរៀនត្រួតថ្នាក់ទី១២ម្តងទៀត។

លោក វេជ្ជបណ្ឌិត គួច ម៉េង លី

ជាក់ស្តែង វេជ្ជបណ្ឌិត គួច ម៉េងលី បានឆ្លើយតបបញ្ហានេះ ថាតើបេក្ខជនដែលប្រឡងធ្លាក់បាក់ឌុប គួរតែត្រឡប់ទៅរៀនត្រួតថ្នាក់ទី១២ ឬស្វែងរកជំនាញដែលខ្លួនស្រឡាញ់? លោក វេជ្ជបណ្ឌិត បានតបថា នៅប្រទេសជឿនលឿន គេមិនដែលត្រឡប់ទៅរៀនថ្នាក់ទី១២ឡើងវិញទេ។ ពួកគេយល់ថា ខាតពេលវេលា និងខ្មាសអ្នកដទៃ។ តើអ្នកទាំងអស់គ្នាដឹងទេ គ្មាននរណាមកចាប់អារម្មណ៍ថាយើងប្រឡងធ្លាក់ ឬជាប់ទេ ហើយក៏គ្មាននរណាមកសួរថារៀនមុខវិជ្ជាអ្វី ឬជំនាញអ្វីដែរ។ អ្វីដែលគេចាប់អារម្មណ៍ គឺនៅពេលយើងរៀនចប់ តើថ្ងៃអនាគតយើងជោគជ័យឬអត់? លោកគ្រូ សូមសំណូមពរក្មួយៗជំនាន់ក្រោយថា បើប្រឡងធ្លាក់បាក់ឌុប ក្មួយៗត្រូវតែទៅរៀនយកបរិញ្ញាបត្ររង ព្រោះវាធ្វើឱ្យក្មួយចំណេញច្រើន។

លោក វេជ្ជបណ្ឌិត គួច ម៉េង លី

មិនធ្វើអោយយើងខ្មាសគេ ចំណេញពេលវេលា ធ្វើអោយយើងស៊ាំទៅនឹងបរិយាកាសសិក្សានៅសាកលវិទ្យាល័យ។ ទោះបីប្រឡងបាក់ឌុបធ្លាក់ក៏ដោយ នៅពេលរៀនចប់បរិញ្ញាបត្ររង យើងក៏មានសិទ្ធិរៀនយកសញ្ញាបត្របរិញ្ញាបត្រដែរ។ សន្លឹកសញ្ញាបត្រនោះទៀតសោត គឺមានតម្លៃស្មើគ្នា។ ទៅរៀនបួនឆ្នាំនៅសាកលវិទ្យាល័យ គេបែងចែកជាពីរ គឺត្រូវរៀនបរិញ្ញាបត្ររងពីរឆ្នាំ (ឆ្នាំទី១ និងឆ្នាំទី២) ហើយចូលដល់ឆ្នាំទី៣ និងទី៤ យើងនឹងបន្តទៅកាន់ថ្នាក់បរិញ្ញាបត្រ។ មែនទែនទៅ គេមិនដែលខ្វល់ថាយើងរៀនជាប់ ឬធ្លាក់បាក់ឌុបអីនោះទេ អ្វីដែលគេចង់ដឹងនោះគឺថា តើយើងមានទឹកចិត្តបន្តសិក្សាទៅមុខទៀត ឬអត់? ហើយតើលទ្ធផលចុងក្រោយនៃជីវិតរបស់យើងជោគជ័យ ឬបរាជ័យតែប៉ុណ្ណោះ។ ប៉ុន្តែចំពោះអ្នកដែលគ្មានលទ្ធភាពបន្តការសិក្សាថ្នាក់បរិញ្ញាបត្ររង សូមកុំអាក់អន់ចិត្ត ឬគិតថាវាជាឧបសគ្គរារាំងឱ្យសោះ។ បើអាច យើងត្រូវតែស្វះស្វែងរករៀនចំណេះជំនាញវិជ្ជាជីវៈណាមួយ នៅក្នុងចំណោមមជ្ឈមណ្ឌលបណ្តុះបណ្តាលជាច្រើន តាមវិស័យដែលត្រូវការ និងស្របតាមចំណង់ចំណូលចិត្តរបស់ខ្លួន។ តាមការសង្កេតរបស់លោកវេជ្ជបណ្ឌិត។ បច្ចុប្បន្ននេះទីផ្សារការងាររបស់កម្ពុជាយើងកំពុងតែត្រូវការ និងខ្វះខាតបំផុត នោះគឺកម្មករជំនាញ។ ឧទាហរណ៍ ផ្នែកវិស្វកម្ម អ្នកបច្ចេកទេសអគ្គិសនី និងជាងជួសជុលអេឡិចត្រូនិកជាដើម។ ចំណេះជំនាញវិជ្ជាជីវៈទាំងនោះ គឺអាចរកប្រាក់ចំណូលបានស្មើ ឬច្រើនជាងអ្នកដែលទទួលបានការសិក្សាដល់ថ្នាក់បរិញ្ញាបត្រ ឬអនុបណ្ឌិតទៅទៀត។

លោក វេជ្ជបណ្ឌិត គួច ម៉េង លី

ដូច្នេះលោកវេជ្ជបណ្ឌិត គួច ម៉េងលី បានទទូចម្ដងហើយម្តងទៀតថា បើសិនជាមិនចង់ឱ្យបាត់បង់ឱកាស មិនចង់អោយខូចអនាគតទេ ក្នុងករណីប្រឡងធ្លាក់បាក់ឌុប យុវជនគ្រប់រូបគួរតែទៅរៀនយកបរិញ្ញាបត្ររង ជាជាងត្រឡប់ទៅរៀនថ្នាក់ទី១២ឡើងវិញ។ ករណីមិនមានលទ្ធផល គួររៀនជំនាញវិជ្ជាជីវៈតាមចំណង់ចំណូលចិត្តដែលខ្លួនស្រឡាញ់៕

លោក វេជ្ជបណ្ឌិត គួច ម៉េង លី