ដោយស្ថានការណ៍ដែលកើតឡើងដូចយកលំនាំតាមក្នុងរឿង The Hangover អញ្ចឹង , បុរសម្នាក់ទៅបានគេប្រទះឃើញទាំងអាក្រាតកាយ នៅឯមាត់ឆ្នេរថៃដោយគាត់មិនចងចាំរឿងរ៉ាវកាលពី2ថ្ងៃមុននេះសោះ។
បុរសមិនស្គាល់អត្តសញ្ញាណវ័យ 30ឆ្នាំម្នាក់ មកពី តំបន់ Epsom, ក្រុង Surrey ចក្រភពអង់គ្លេស ដែលបានមកឆ្លងថ្ងៃកំណើតរបស់គាត់ ដោយផឹក Beer និង ជក់កញ្ឆា តាំងពីថ្ងៃទី 27 ខែ តុលា ។
2ថ្ងៃក្រោយមកគាត់ត្រូវបានគេរកឃើញ គឺនៅថ្ងៃទី 29 ខែ តុលា ដោយអ្នកស្រុកនៅលើកោះសាមុយ (Samui) , គាត់ដួល និង ច្រៀងចំរៀងបាល់ទាត់ រួចហើយគាត់ក៏ចុះទៅក្នុងទឹក និង ព្យាយាមហែលទឹកគេចចាកចេញ។
បុរសម្នាក់នេះមកទីនេះ ដើម្បីចូលរួមកម្មវិធីមង្គលការ និងរៀបចំ ដើម្បីស្នើរសុំទិដ្ឋការ សម្រាប់ដំណើរកំសាន្ត។
ខណៈពេលដែលអ្នកនេសាទព្យាយាមទៅជួយសង្រ្គោះគាត់ពីក្នុងទឹកមកនោះ គាត់ក៏បានព្យាយាមរើបំរះ និងស្រែកយ៉ាងរវើរវាយថា «គាត់ចង់ទៅជួបព្រះជាម្ចាស់»។
តែអ្នកនេសាទក៏នៅតែអាចជួយគាត់បាន ដោយចាប់ទាញគាត់មកដល់ច្រាំង ជាទីកន្លែងដែលប៉ូលីសទៅរកគាត់ឃើញនោះហើយ។

នៅខណៈពេលដែលប៉ូលីសកំពុងតែព្យាយាមជួយគាត់ , បុរសរូបនោះប្រាប់ថា គាត់មិនអាចចាកចេញពីឆ្នេរឋានសួគ៌ាមួយនេះទេ គាត់ត្រូវការធ្វើសមាធិ»។
អ្នកបកប្រែក៏បានប្រាប់ទៅគាត់វិញថា «ត្រឡប់ទៅសណ្ឋាគារ ងូតទឹកសិនទៅ សឹមត្រឡប់មកធ្វើសមាធិវិញ» ហើយបុរសរូបនោះក៏តបវិញថា «នៅប្រទេសថៃ ផឹក Beer និង ជក់កញ្ឆា គឺជារឿងស្របច្បាប់ គាត់ចង់នៅសម្រាកលើកោះនេះបន្តទៀត»។
«ខ្ញុំយល់ តែមិនមែនពេលនេះទេ លោកមើលចុះមានប៉ូលីស 12នាក់នោះជុំវិញខ្លួនលោក» អ្នកបកប្រែឆ្លើយតប។
តែបុរសនោះក៏តបមកវិញដោយគ្មានសតិថា «អត់ទេ ខ្ញុំមិនត្រឡប់ទៅវិញទេ ខ្ញុំចងសម្រាក ខ្ញុំមកទីនេះដើម្បីចូលរួមមង្គលការ»។
គាត់ក៏ត្រូវបានគេនាំខ្លួនទៅតេស្ដរកសារធាតុញៀននៅប៉ុស្ដិ៍ប៉ូលីសក្នុងតំបន់នោះ ដោយផលចេញមកគឺអវិជ្ជមាន។
បុរសជនជាតិអង់គ្លេសរូបនេះត្រូវបានផាកពិន័យពីបទអាក្រាតកាយនៅទីសាធារណៈ ដោយគាត់នឹងត្រូវចាកចេញពីប្រទេសថៃបន្ទាប់ពីថ្ងៃវិស្សមកាលរបស់គាត់ត្រូវបានបញ្ចប់។
ហេតុការណ៍ហាក់ដូចជា ក្នុងសាច់រឿង The Hangover ខ្សែភាពយន្តដែលផលិតឡើងក្នុងឆ្នាំ2009 ដែលមានមិត្តភក្តិមួយក្រុមទៅដើរកំសាន្តនៅ Las Vegas ដែលមានប្រើប្រាស់គ្រឿងញៀន ហើយភ្ញាក់ឡើងដោយមិនចងចាំអ្វីដែលបានកើតឡើងសោះនៅថ្ងៃបន្ទប់។
ហើយដំណើរសាច់រឿងរបស់ខ្សែភាពយន្តមួយនេះក៏បានបង្ហាញឲ្យឃើញនូវរឿងរ៉ាវដែលពួកគេត្រូវទៅស្វែងការពិតថាមានអ្វីខ្លះដែលកើតឡើងនៅយប់នោះ។
អ្នកនេសាទដែលបានសង្គ្រោះគាត់នោះបានឲ្យដឹងថា « ខ្ញុំប្រទះឃើញថា បុរសអ្នកទេសចរណ៍រូបនេះកំពុងតែព្យាយាមបណ្ដែតខ្លួនរបស់គាត់នៅលើទឹក ឃើញដូច្នេះខ្ញុំខ្លាចថាគាត់អាចនឹងលង់ទឹក ទើបខ្ញុំចូលទៅជួយ តែគាត់បែរជាខឹងទៅវិញ»។
«ខ្ញុំមិនចង់ឲ្យគាត់ត្រូវជាប់ទោសទេ ខ្ញុំបានធូរចិត្តដែលគាត់មានសុវត្ថិភាព ប្រហែលអាចដោយសារតែគាត់ស្រវឹង និង អាកាសធាតុក្តៅសម្រាប់គាត់ ទើបធ្វើឲ្យគាត់មួរម៉ៅដូច្នេះ តែខ្ញុំជឿថា គាត់ជាមនុស្សល្អទេ»៕
ប្រភព : Ladbible